បាល់ទាត់អន្តរជាតិ
Alvaro Morata ស៊ុត Hat-trick តែក្រុមរបស់ខ្លួននៅតែចាញ់ Girona 4-3
កាលពីរំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍រវាងក្រុមខ្លាំង 2 នៅទឹកដីអេស្ប៉ាញរវាងក្រុមម្ចាស់ផ្ទះ Girona និង Atletico Madrid ដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga។ នៅក្នុងការប្រកួតនោះដែរ យើងបានចាប់អារម្មណ៍ទៅលើការរកគ្រាប់បាល់ស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង (Hat-trick) នៅដើមឆ្នាំថ្មីនេះពីសំណាក់កីឡាករ Alvaro Morata។
ថ្វីត្បិតតែខ្សែប្រយុទ្ធឆ្នើមរូបនេះ បានស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯងក៏ដោយ ប៉ុន្តែលទ្ធផលរបស់ Atletico Madrid នៅតែចាញ់ Girona 4 ទល់នឹង 3។ ក្រុមទាំង 2 មានគ្រាប់បាល់ស្មើគ្នា 3-3 តាំងពីនាទីទី 54 ហើយគ្មានការរំពឹងទុកឡើយថា Girona អាចរកបានថែម 1 គ្រាប់ទៀតនៅនាទីទី 90+1 ដើម្បីឆក់យក 3 ពិន្ទុពី Atletico Madrid។
សម្រាប់គ្រាប់បាល់ 4 គ្រាប់របស់ Girona គឺជាការស៊ុតបញ្ចូលទីពី Valery Fernandez (នាទីទី 2), Savio (នាទីទី 26), Daley Blind (នាទីទី 39) និង Ivan Martin (នាទីទី 90+1)។ បន្ទាប់ពីទទួលជ័យជំនះនៅក្នុងការប្រកួតនេះ Girona បានបន្តឈរនៅចំណាត់ថ្នាក់លេខ 2 ដែលមានពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Real Madrid ខណៈដែលពួកគេបានដាក់ពិន្ទុពីក្រុមលេខ 3 និងលេខ 4 (Atletico Madrid និង Barcelona) រហូតដល់ 10 ពិន្ទុឯណោះ។
ប្រភព: Sportsmole