បាល់ទាត់អន្តរជាតិ
De Bruyne តាមស្មើកំណត់ត្រារបស់ Wayne Rooney ដែលជាកីឡាករ Assists ច្រើន ប្រចាំលីគកំពូលរបស់អង់គ្លេស
កីឡាករ Kevin De Bruyne បានតាមស្មើចំនួនបញ្ជូនបាល់ (Assist) នៅ Premier League របស់អតីតវីរបុរសឆ្នើម Wayne Rooney បន្ទាប់ពីគាត់បាន Assist ចុងម៉ោងដ៏សំខាន់ សម្រាប់ការប្រកួតដែល Manchester City បានទទួលជ័យជម្នះ 3-2 ទៅលើ Newcastle United កាលពីរំលងអាធ្រាតយប់មិញ។
យ៉ាងណាមិញ Kevin De Bruyne បានប្ដូរចូលលេងក្នុងនាមជាកីឡាករបម្រុងតែប៉ុណ្ណោះ ប៉ុន្តែគាត់បានចំណាយពេលត្រឹមតែ 20 នាទី មុនចប់ការប្រកួត ដោយរួមចំណែកស៊ុតបញ្ចូលទីស្មើឲ្យ Man City 2-2 មុនពេល Assist ទៅឲ្យមិត្តរួមក្រុម Oscar Bobb ស៊ុតគ្រាប់ជ័យជម្នះចុងក្រោយ។
ក្រៅពីការទទួលបានជោគជ័យសម្រាប់ក្រុមនោះ ខ្សែបម្រើឆ្នើមរូបនេះថែមទាំងបានបង្កើតកំណត់ត្រាដ៏អស្ចារ្យទៀតផង ដោយគិតមកទល់នឹងពេលនេះគាត់មានស្ថិតិ Assist ចំនួន 103 ដង នៅក្នុងការប្រកួត Premier League ដែលស្ថិតិនេះស្មើនឹងអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺ Wayne Rooney។
De Bruyne និង Wayne Rooney មានកំណត់ត្រាស្មើគ្នា ដោយឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងកំណត់ត្រាកីឡាករដែល Assist ច្រើនជាងគេលំដាប់ទី 3 ប្រចាំក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ខណៈដែលកីឡាករដែល Assist ច្រើនលំដាប់ទី 2 គឺ Cesc Fabregas (111 ដង) និងអ្នកកាន់កាប់លេខ 1 គឺ Ryan Giggs (162 ដង)។
ប្រភព: Sportsmole