Connect with us

បាល់ទាត់អន្តរជាតិ

Newcastle កំណត់​គោលដៅ​ផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប ដើម្បី​មក​ជំនួស Miguel Almiron

Published

on

ក្លឹប Newcastle United បាន​កំណត់​យក​ខ្សែប្រយុទ្ធ​របស់​ក្លឹប Nottingham Forest គឺ​កីឡាករ Morgan Gibbs-White ជា​កីឡាករ​ដែល​ពួក​គេ​ចង់​បាន​នៅ​ខែ​មករា​នេះ ដើម្បី​មក​ជំនួស​តំណែង​របស់ Miguel Almiron។ យ៉ាង​ណា​មិញ Almiron អាច​ចាត់​ទុក​ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់ Newcastle ផង​ដែរ ដោយ​គាត់​បាន​ចំណាយ​ពេល​នៅ​ទីនោះ​រយៈពេល 5 ឆ្នាំ។

ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប៉ារ៉ាហ្គាយ Miguel Almiron បាន​បង្ហាញ​ខ្លួន​សរុប 195 ប្រកួត​ឲ្យ Newcastle ដោយ​ស៊ុតបញ្ចូលទី​បាន 30 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម 11 ដង ហើយគាត់​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Newcastle United ផង​ដែរ។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ កីឡាករ​វ័យ 29 ឆ្នាំ​រូបនេះ​អាច​នឹង​ចាកចេញ​ទៅ​មជ្ឈឹម​បូព៌ា​នា​ពេល​ឆាប់ៗ​ខាង​មុខ ខណៈ​ដែល​ក្លឹប Al Shabab របស់ Saudi Pro League បាន​ឈាន​ដល់​កិច្ចព្រម​ព្រៀង​ជាមួយ Newcastle ដើម្បី​ចុះ​ហត្ថលេខា​លើ Miguel Almiron រួច​ហើយ។

ដោយ​ឡែក ខណៈ​ដែល​ឱកាស​នៃ​ការ​លក់ Almiron កំពុង​មាន​ភាគរយ​ខ្ពស់​នោះ របាយការណ៍​ចុង​ក្រោយ​មួយ​បាន​អះអាង​ថា Newcastle កំពុង​ចាប់​អារម្មណ៍ និង​ត្រៀម​ចរចា​ផ្ទេរ​ខ្សែប្រយុទ្ធ Gibbs-White ដើម្បី​មក​ជំនួន​កន្លែង​របស់ Almiron។ កីឡាករ​អង់គ្លេស​រូបនេះ ស្ថិត​នៅ​ក្រោម​កុងត្រា​ជាមួយ Nottingham Forest រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2027 ហើយ​គាត់​ក៏​អាច​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​គួរ​សម​ផង​ដែរ ព្រោះ​ពេល Nottingham Forest ទិញ​គាត់​មក មាន​តម្លៃ​ខ្ទង់ 25 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២