បាល់ទាត់អន្តរជាតិ
បច្ចេកវិទ្យាឆ្លាតវៃ (AI) ទស្សន៍ទាយពីវាសនារបស់ Barcelona នៅ UEFA Champions League
ការប្រកួតក្របខ័ណ្ឌ UEFA Champions League បានត្រឡប់មកវិញ កាលពីប៉ុន្មានថ្ងៃមុន ខណៈដែល Barcelona បានត្រឹមស្មើ 1-1 ទល់នឹង Napoli ក្នុងការប្រកួតក្រៅដីដែលជាការប្រកួតជើងទី 1 នៃវគ្គ 16 ក្រុមចុងក្រោយ។ លទ្ធផលនេះធ្វើឲ្យក្រុមទាំង 2 មានការប្រយ័ត្នប្រយែងខ្លាំងនៅក្នុងការប្រកួតជើងទី 2 ដើម្បីសម្រេចថា អ្នកណាជាបេក្ខភាពឡើងទៅដល់វគ្គ 8 ក្រុមចុងក្រោយ។
កាលពីម្សិលមិញនេះ បច្ចេកវិទ្យាឆ្លាតវៃ ដែលគេនិយមហៅថា AI (Artificial Intelligence) ត្រូវបានគេប្រើប្រាស់ឲ្យទស្សន៍ទាយពីក្រុមដែលមានលទ្ធភាពឡើងទៅជុំបន្ទាប់ក្នុងការប្រកួតក្របខណ្ឌ UEFA Champions League នៅរដូវកាលនេះ ហើយក៏បានបង្ហាញពីវាសនារបស់ Barcelona ផងដែរ។
យោងតាមការចុះផ្សាយរបស់ Diario AS បានបង្ហាញពីលទ្ធផលនៃការទស្សន៍ទាយរបស់ AI ដោយព្យាករណ៍ថា Barcelona នឹងឆ្លងផុតវគ្គ 16 ក្រុមចុងក្រោយជាមួយនឹង PSG, Inter Milan, Bayern Munich, Manchester City, Dortmund, Real Madrid និង Porto។ បន្ទាប់មក AI ក៏បានបង្ហាញទៀតថា វគ្គ 8 ក្រុមចុងក្រោយ Man City នឹងឈ្នះទៅលើ Porto, Barcelona នឹងយកឈ្នះ PSG, Dortmund យកឈ្នះ Inter Milan, Real Madrid នឹងឈ្នះ Bayern Munich។
ប្រភព: Barcablaugranes