Connect with us

បាល់ទាត់អន្តរជាតិ

Luka Modric អាច​នឹង​ត្រឡប់​ទៅ​លេង​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ​នៅ​ឆ្នាំ​ក្រោយ

Published

on

ខ្សែ​បម្រើ Luka Modric របស់​ក្លឹប​អធិរាជស Real Madrid អាច​នឹង​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់ Dinamo Zagreb ដែល​ស្ថិត​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ បន្ទាប់​ពី​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Luka Modric ធ្លាប់​លេង​ឲ្យ​ក្លឹប Dinamo Zagreb ចន្លោះ​ឆ្នាំ 2002 ដល់​ឆ្នាំ 2008 មុន​ចាកចេញ​ទៅ Tottenham Hotspur និង​បន្ទាប់​មក​នៅ​ឆ្នាំ 2012 គាត់​ក៏​បាន​ផ្ទេរ​ទៅ Real Madrid។ ខ្សែបម្រើ​សញ្ជាតិ​ក្រូអាត​វ័យ 38 ឆ្នាំ​រូបនេះ​បាន​ចំណាយ​ពេល​រហូត​ដល់ 11 ឆ្នាំ​កន្លះ​នៅ Real Madrid ដោយ​បាន​ឈ្នះពាន La Liga ចំនួន 3 ដង និង​ពាន​រង្វាន់ UEFA Champions League ចំនួន 5។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Sata 24 បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប Dinamo Zagreb គឺ​លោក Mirko Barisic បាន​ទាក់ទង​មក Modric រួច​ហើយ ជាមួយ​នឹង​ការ​បង្ហាញ​ពី​សំណើរ​មួយ​ចំនួន​ដែល​ពួក​គេ​បាន​ផ្ដល់​ជូន​ខ្សែបម្រើ​ឆ្នើម​រូប​នេះ​ផង​ដែរ។ យ៉ាង​ណា Modric មិន​ទាន់​បាន​សម្រេច​ចិត្ត​ច្បាស់លាស់​នៅ​ឡើយ​ទេ​អំពី​ដំណើរ​នៃ​អាជីព​បាល់ទាត់​របស់​គាត់ បន្ទាប់​ពី​ចាកចេញ​ពី Real Madrid។

គេ​បាន​ដឹង​ថា Luka Modric មាន​បំណង​ប្រកប​អាជីព​បាល់ទាត់​រហូត​ដល់​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ដោយ​បង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​របស់​គាត់។ លើស​ពី​នេះ​ទៀត ខ្សែបម្រើ​រូបនេះ​បាន​បដិសេធ​សំណើរ​របស់​គ្រូបង្វឹក​​លោក Carlo Ancelotti ដែល​ចង់​ឲ្យ​គាត់​ចូល​និវត្តន៍ និង​ក្លាយ​ជា​ជំនួយ​ការ​របស់​ខ្លួន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២