Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Barcelona ប្រកាស​ចែក​ផ្លូវគ្នា​ជាមួយ Xavi Hernandez

Published

on

នៅ​ទីបំផុត Barcelona បាន​បណ្តេញ​គ្រូបង្វឹក​របស់​ក្លឹប​គឺ​លោក Xavi Hernandez ចេញ​ពី​តំណែង​ជា​ផ្លូវការណ៍​ហើយ ក្រោយ​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ហូរហែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ កិច្ច​ប្រជុំ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដែល​ជា​ការ​​និយាយ​ទល់​មុខ​គ្នា​រវាង​ប្រធាន​ក្លឹប Joan Laporta និង Xavi ហើយ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ ក្លឹប​បាន​សម្រេច​ចែក​ផ្លូវគ្នា​ជាមួយ​គ្រូ​​បង្វឹក​របស់​ខ្លួន។

Barcelona បាន​ប្រកាស​ពី​ដំណឹង​នេះ​កាល​ពី​យប់​មិញ ជាមួយ​នឹង​សេចក្ដី​ថ្លែង​អំណរ​គុណ​ដល់ Xavi Hernandez សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គាត់​កន្លង​មក។ យ៉ាង​ណា​មិញ ក្លឹប​មិន​ទាន់​បាន​បង្ហាញ​មុខ​គ្រូ​បង្វឹក​ថ្មី​ដែល​នឹង​មក​ជំនួស​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា លោក Hansi Flick គឺ​ជា​បេក្ខភាព​ដែល​មាន​ភាគ​រយ​ខ្ពស់​បំផុត ដែល​នឹងមក​ដឹកនាំ​នៅ Camp Nou។

សូម​រំលឹក​ផង​ដែរ​ថា​ លោក Xavi Hernandez បាន​ចូល​មក​ដឹកនាំ​ក្លឹប Barcelona កាល​ពី​ខែវិច្ឆិកា ឆ្នាំ 2021។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ស្ដារ​នូវ​ទម្រង់​លេង​របស់​ក្រុម​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​យ៉ាប់​យ៉ឺន និង​បន្ត​ស្នាដៃ ដោយ​បាន​ឈ្នះ​ពាន​លីគ​ក្នុង​រដូវកាល​បន្ទាប់​ឆ្នាំ 2022/2023។ រដូវកាល​នោះ​ដដែល គាត់​ក៏​បាន​ឈ្នះពាន Super Cup ជាមួយ​ក្លឹប​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២