បាល់ទាត់អន្តរជាតិ
Cardiff City ត្រៀមចុះហត្ថលេខានាំយក Gareth Bale និង Aaron Ramsey

ក្លឹប Cardiff City បានត្រៀមខ្លួនជាស្រេច ក្នុងការនាំយកបុរសសញ្ជាតិវេលស៍ទាំងពីររូបគឺ Gareth Bale និង Aaron Ramsey (នេះបើយោងតាមរបាយការណ៍ពី 90min.com បានអះអាង)។
កាលពីពេលថ្មីៗនេះ Gareth Bale បានជួយប្រទេសរបស់គាត់ ឲ្យទទួលបានកៅអីមួយ ក្នុងការប្រកួត World Cup ឆ្នាំ 2022 ជាមួយនឹងការទាត់បាល់ហ្វ្រីឃីកដ៏ល្អ ក្នុងជំនួបដណ្ដើមមួយកៅអីជាមួយអ៊ុយក្រែន។ បន្ទាប់ពីការប្រកួតបញ្ចប់ទៅ Gareth Bale បាននិយាយបែបលេងសើចថា ផែនការចូលនិវត្តន៍របស់គាត់នៅពេលនេះ ត្រូវពន្យារពេលសិន។
យ៉ាងណា បច្ចុប្បន្នកីឡាករវ័យ 32 ឆ្នាំ Gareth Bale កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយ Real Madrid ហើយគាត់ក៏កំពុងស្វែងរកក្លឹបថ្មីសម្រាប់រដូវកាលក្រោយ 2022/23 ផងដែរ។ ប្រភពជាលាក់ដែលអាចយកជាការបាននោះ ក៏បង្ហាញថា Cardiff City បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយក Bale នៅពេលឆាប់ៗខាងមុខនេះ។
ដូចគ្នាជាមួយ Bale ដែរ Cardiff ក៏បានចាប់អារម្មណ៍ខ្លាំងលើ Ramsey ដែលពួកគេត្រៀមនឹងផ្ទេរនៅរដូវក្តៅនេះ។ ការផ្ទេរសម្រាប់ Ramsey ពីសំណាក់ក្លឹប Cardiff គឺមានភាពស្មុគស្មាញបន្តិច ដោយគាត់នៅសល់កុងត្រារយៈពេល 12 ខែទៀត ជាមួយ Juventus ប៉ុន្តែគេជឿថា ក្លឹបសេះបង្កង់នឹងព្រមចែកផ្លូវជាមួយ Ramsey មុនកុងត្រាត្រូវបញ្ចប់នៅរដូវក្តៅនេះដែរ។
ប្រភព: 90 Min