បាល់ទាត់អន្តរជាតិ
អាហ្សង់ទីនឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយ ខណៈដែលប្រេស៊ីល ត្រូវហាលអាវក្រោមស្នាដៃក្រូអាត

ក្រុមជម្រើសអាហ្សង់ទីនដែលមានកាពីតែនក្រុម Lionel Messi បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិហូឡង់កាលពីរំលងអាធ្រាតយប់មិញនេះ ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញរហូតដល់វគ្គប៉េណាល់ទីកាត់សេចក្ដី។
ដំបូងឡើយអាហ្សង់ទីនបាននាំមុខមុនហូឡង់រហូតដល់ 2 គ្រាប់ដែលជាការស៊ុតបញ្ចូលទីពីសំណាក់ខ្សែការពារ Nahuel Molina នៅនាទីទី 35 និង Lionel Messi (ប៉េណាល់ទី) នៅនាទីទី 73។ យ៉ាងណាខ្សែប្រយុទ្ធ Wout Weghorst របស់ក្រុមជម្រើសជាតិហូឡង់បានស៊ុតតាមស្មើ 2-2 វិញនៅនាទីទី 90+11។ ក្រុមទាំង 2 ត្រូវលេងថែមម៉ោង 15 នាទី 2 ដង ហើយក៏នៅតែស្មើគ្នាដដែល។ ដូច្នេះការប្រកួតនឹងឈានដល់វគ្គប៉េណាល់ទី។ ជាមួយនឹងអ្នកចាំទីឆ្នើម Emiliano Martinez អាហ្សង់ទីនក៏បានយកឈ្នះហូឡង់ ដើម្បីឡើងទៅវគ្គបន្ទាប់។
ដូចគ្នានេះដែរ ក្រុមជម្រើសជាតិប្រេស៊ីលដែលមកពីប៉ែកឡាទីនដូចគ្នា បានធ្លាក់ចេញត្រឹមវគ្គ 8 ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់ក្រុមជម្រើសជាតិក្រូអាត តាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីដូចគ្នា។ ដូច្នេះនៅវគ្គ 4 ក្រុមចុងក្រោយ រឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តអាហ្សង់ទីននឹងត្រូវជួបជាមួយក្រូអាត ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 14 ខែធ្នូ ខាងមុខនេះ។
ប្រភព: Sportsmole