បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona បដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងរឿងសូកលុយអាជ្ញាកណ្ដាលទេ!!!

ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បានច្រានចោលជាថ្មីម្តងទៀតនូវរឿងអាស្រូវពាក់ព័ន្ធនឹងការឲ្យលុយទៅអាជ្ញាកណ្ដាល។ ខណៈពេលនេះ គេបានដឹងថា ការស៊ើបអង្កេតនៅតែបន្ត ទាក់ទងនឹងការសូកប៉ាន់របស់ Barcelona ទៅដល់អតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ប្រទេសអេស្ប៉ាញ។
ឯកសាររបស់តុលាការបានបង្ហាញថា ក្លឹបយក្សកាតាឡាន់មួយនេះ បានបង់ប្រាក់ចំនួន 7.3 លានអឺរ៉ូ (6.4 លានផោន) ចន្លោះឆ្នាំ 2001 និង 2018 ដល់ក្រុមអាជ្ញាកណ្តាលបាល់ទាត់អាជីពដែលស្ថិតក្រោមកម្មសិទ្ធិរបស់ Jose Maria Enriquez Negreira។ ទន្ទឹមនឹងនេះដែរ អតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell ត្រូវបានរងការចោទប្រកាន់ពីបទពុករលួយ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដូចគ្នា។
មិនតែប៉ុណ្ណោះ ចៅក្រមលោក Joaquin Aguirre Lopez ក៏កំពុងស៊ើបអង្កេតលោក Joan Laporta ដែរ ដែលពីមុនគាត់ធ្លាប់ជាប្រធានក្លឹប Barcelona នៅចន្លោះឆ្នាំ 2003 និង 2010 ប៉ុន្តែបុរសវ័យ 61 ឆ្នាំរូបនេះបានបដិសេធភ្លាមៗថា គាត់មិនបានប្រព្រឹត្តិកំហុសនោះទេ។ Laporta បានប្រាប់ទៅកាន់វិទ្យុ Catalunya Radio ថា៖ “ខ្ញុំយល់ថា គ្មានហេតុផលអ្វីដែលត្រូវចោទប្រកាន់ខ្ញុំទេ។ ខ្ញុំដឹងពីប្រវត្តិរបស់ចៅក្រមរូបនេះ ខ្ញុំមានលេខដើម្បីទាក់ឲ្យគេបញ្ចប់ការស៊ើបអង្កេតបាន។ ប៉ុន្តែគ្មានហេតុផលធ្វើបែបនេះទេ និងគ្មានការស៊ីសំណូកអ្វីឡើយ”។
ប្រភព: Sportsmole