បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ប្រឈមនឹងការប្ដឹងទាមទារប្រាក់ 1 ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់របស់ក្រុមហ៊ុន Binance
![](https://x-sportkh.com/wp-content/uploads/2023/12/article-002828-1.jpg)
តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo កំពុងប្រឈមមុខនឹងការប្តឹងទាមទារប្រាក់ 1 ពាន់លានដុល្លារ ទាក់ទងជាមួយការផ្សព្វផ្សាយ និងលក់រូបិយប័ណ្ណឌីជីថល NFTs របស់គាត់ ដែលសហការណ៍ជាមួយក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនចរាចរណ៍ទីផ្សារគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក (នេះបើយោងតាមសារព័ត៌មាន Associated Press បានចុះផ្សាយ)។
ពាក្យបណ្តឹងដែលបានដាក់ការចោទប្រកាន់ទៅលើ Cristiano Ronaldo នោះ គឺចាប់ផ្ដើមដំណើរការចេញពីរដ្ឋផ្លរីដា កាលពីថ្ងៃចន្ទសប្ដាហ៍នេះដោយមានខ្លឹមសារថា “ការបោកប្រាស់ និងទង្វើមិនស្របច្បាប់របស់ Cristiano Ronaldo ដែលសហការជាមួយ Binance”។ ដើមបណ្តឹងបានអះអាងថា ភាពជាដៃគូរវាងក្រុមហ៊ុន Binance និង Cristiano Ronaldo មានភាពមិនប្រក្រតី ដោយពួកគេបាននាំឲ្យអ្នកប្រើប្រាស់វិនិយោគ នៅកន្លែងដែលមិនមានសុវត្ថិភាព។
គួររំលឹកផងដែរថា Ronaldo បានបន្តផ្សព្វផ្សាយ Binance បើទោះបីជាក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់មូលប័ត្ររបស់សហរដ្ឋអាមេរិកមួយចំនួនក៏ដោយ។ កាលពីសប្តាហ៍មុន Binance បានសុខចិត្តបង់ប្រាក់ 4 ពាន់លានដុល្លារ បន្ទាប់ពីពួកគេមិនអាចដោះស្រាយការចោទប្រកាន់ពីច្បាប់មូលប័ត្ររបស់សហរដ្ឋអាមេរិចបាន។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Changpeng Zhao ក៏បានលាលែងពីតំណែងផងដែរ និងបានសារភាពកំហុសចំពោះការបរាជ័យ មិនអាចទប់ទល់នឹងការលាងលុយកខ្វក់នៅលើ Binance បាន។
ប្រភព: Bleacherreport