បាល់ទាត់អន្តរជាតិ
រឿងរ៉ាវដ៏គួរឲ្យអស់សំណើចមួយចំនួនដែលអ្នកមិនធ្លាប់ដឹងពី Lautaro Martinez
បច្ចុប្បន្ននេះ បើអ្នកទាំងអស់គ្នានិយាយដល់ខ្សែប្រយុទ្ធ រឺកីឡាករឆ្នើមប្រចាំក្រុមយក្សអ៊ីតាលី Inter Milan នោះគេនឹងនឹកឃើញ Lautaro Martinez មុនគេ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គឺជាកូនសោរដ៏សំខាន់ នៃភាពជោគជ័យរបស់ Inter Milan ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។
Lautaro Martinez កើតនៅថ្ងៃទី 22 ខែសីហា ឆ្នាំ 1997 ក្នុងទីក្រុង Bahia Blanca ប្រទេសអាហ្សង់ទីន។ គាត់បានចាប់ផ្តើមលេងបាល់ទាត់នៅក្លឹបក្នុងស្រុកកំណើតរបស់ខ្លួនគឺ Liniers។ បន្ទាប់ពីបង្ហាញភាពលេចធ្លោរខ្លាំងក្លឹប Racing បានចុះហត្ថលេខាជាមួយ Martinez នៅខែមករា ឆ្នាំ 2014 និងបានបង្ហាញខ្លួនជាកីឡាករអាជីពពេញលេញជាលើកដំបូងនារដូវកាលឆ្នាំ 2015។ បន្តមកទៀត នៅឆ្នាំ 2018 ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានផ្លាស់មកចូលរួមជាមួយក្លឹប Inter Milan រហូតដល់បច្ចុប្បន្ន។
យ៉ាងណាមិញ ក្រៅពីប្រវត្តិត្រួសៗរបស់ Lautaro Martinez គាត់ក៏នៅមានរឿងរ៉ាវប្លែកៗដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ ខាងក្រោមនេះ ក្រុមការងារយើងនឹងលើកមកបង្ហាញនូវចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងអំពី Lautaro Martinez។
1. ដើរតាមគន្លងរបស់ឪពុក៖
ឪពុករបស់ Lautaro Martinez គឺ Mario Martinez ក៏ជាកីឡាករបាល់ទាត់អាជីពដែរ។ ឪពុករបស់គាត់កើតនៅឆ្នាំ 1972 លេងជាខ្សែការពារឆ្វេងនៅក្លឹប Nacional B (បាល់ទាត់នៅលីគលំដាប់ទី 2 របស់អាហ្សង់ទីន) និងលេងឲ្យក្លឹបផ្សេងៗជាច្រើនទៀតផងដែរ។
2. Lautaro Martinez នឹងក្លាយជាកីឡាករបាល់បោះ ប្រសិនបើមិនមែនជាកីឡាករបាល់ទាត់
នៅក្នុងបទសម្ភាសន៍ជាមួយ El Grafico ខ្សែប្រយុទ្ធរូបនេះបានសារភាពថា គាត់ស្រឡាញ់កីឡាបាល់បោះ និងថែមទាំងនិយាយថា គាត់នឹងជ្រើសរើសអាជីពជាកីឡាករបាល់បោះ ប្រសិនបើគាត់មិនអាចក្លាយជាកីឡាករបាល់ទាត់ដូចសព្វថ្ងៃនេះទេ។
3. ធ្លាប់ត្រូវបានបដិសេធមិនទទួលយកពីក្លឹប Boca Juniors
ខណៈពេលដែលគាត់បញ្ចប់ការហ្វឹកហាត់ជាមួយឈុតយុវជនរបស់ក្លឹប Liniers ខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់បានព្យាយាមទៅសាកល្បងធ្វើតេស្តជាមួយក្លឹប និងសាលាបាល់ទាត់ធំៗមួយចំនួននៅក្នុងប្រទេសអាហ្សង់ទីន រួមទាំង Boca Juniors ផងដែរ។ ប៉ុន្តែដោយសារតែកាយសម្បទាររបស់គាត់នៅមានកម្រិតក្រោមការចង់បានរបស់ក្លឹបអាហ្សង់ទីនមួយនេះ ក្តីសង្ឃឹមរបស់ Lautaro Martinez នៅក្នុងវ័យ 15 ឆ្នាំត្រូវបានរលាយ។
4. និមិត្តរូប (Idol) របស់ Lautaro Martinez
ក្នុងនាមជាជនជាតិអាហ្សង់ទីន និមិត្តរូប រឺ Idol របស់ Martinez មិនមែនជាកីឡាករដូចជា Diego Maradona, Sergio Aguero, Gabriel Batistuta, Hernan Crespo រឺ Gonzalo Higuain នោះទេ ប៉ុន្តែគាត់បានស្រឡាញ់ និងចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីឈ្មោះ Radamel Falcao ជាកីឡាករសំណព្វចិត្តរបស់ខ្លួន។
5. ចាប់ផ្ដើមចាក់សាក់នៅអាយុ 14 ឆ្នាំ
មិនខុសពីកីឡាករជាច្រើនទៀត Martinez ក៏ជាអ្នកដែលស្រឡាញ់ការសាក់រូបផងដែរ ដោយដៃឆ្វេងរបស់គាត់ទាំងស្រុង មានស្នាមសាក់។ ទោះជាយ៉ាងណាក៏ដោយ គាត់បានចាប់ផ្ដើមសាក់លើកដំបូង នៅពេលដែលគាត់មានអាយុត្រឹមតែ 14 ឆ្នាំ ប៉ុណ្ណោះ ហើយសាក់នោះគឺជាការរំលឹកនឹកគុណទៅដល់ជីតារបស់គាត់។
6. ធ្លាប់បដិសេធ Real Madrid ក្នុងឆ្នាំ 2015
ដើរតាមគន្លងកីឡាករឆ្នើមរបស់អាហ្សង់ទីនដូចជា Sergio Aguero និង Gonzalo Higuain ជាដើម Martinez បានចាប់ផ្តើមទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗរបស់អឺរ៉ុប បន្ទាប់ពីស៊ុតបញ្ចូលទីបាន 53 គ្រាប់ ក្នុងការបង្ហាញខ្លួន 64 ប្រកួត នៅក្លឹប Racing។ ក្លឹប Racing និង Real Madrid ធ្លាប់បានចរចាគ្នាលើព្រមព្រៀងមួយ ក្នុងឆ្នាំ 2015 ដើម្បីទិញ Martinez ប៉ុន្តែកីឡាករវ័យក្មេងរូបនេះបានបដិសេធ។
7. ឈ្មោះហៅក្រៅ
ដោយសារតែជំនាញរបស់ Martinez ក្នុងការតស៊ូដ៏ខ្លាំងក្លា, ភាពអត់ធ្មត់ និងគុណភាពនៅលើទីលាន គាត់ទទួលបានរហ័ស្សនាមថា “El Toro” ដែលជាឈ្មោះហៅក្រៅរបស់គាត់ ដោយក្នុងភាសាអេស្ប៉ាញមានន័យថា គោឈ្មោលឡើងក។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como