បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន តែកីឡាករវ័យក្មេងរូបនេះសុខចិត្តបន្តនៅទឹកដីកំណើតរបស់ខ្លួន
កីឡាករវ័យក្មេង Francesco Camarda របស់ក្លឹប AC Milan បានសម្រេចចិត្តស្នាក់នៅជាមួយក្លឹបនៃប្រទេសកំណើតរបស់គាត់ បន្តទៀត បើទោះបីជាគេមានឱកាសចាកចេញទៅលេងនៅក្លឹបធំៗជាច្រើនផ្សេងទៀតក៏ដោយ។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ 16 ឆ្នាំរូបនេះ នឹងចុះហត្ថលេខាលើកុងត្រាជាមួយក្រុមឈុតធំរបស់ AC Milan នៅប៉ុន្មានថ្ងៃខាងមុខ។
របាយការណ៍ដដែលនេះដែរក៏បានអះអាងបន្ថែមទៀតថា កុងត្រាថ្មីដែល Francesco Camarda បានព្រមព្រៀងជាមួយនឹង AC Milan នោះ នឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2027។ យ៉ាងណាមិញ Francesco Camarda បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនដូចជា PSG, Manchester City, Bayern Munich និង Borussia Dortmund ប៉ុន្តែគាត់បានជ្រើសរើសការបន្តជាមួយក្លឹបនៃប្រទេសរបស់ខ្លួន។
ក្នុងរដូវកាល 2023/2024 ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ Camarda បានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Serie A ដោយគាត់បានបង្ហាញខ្លួនក្នុងការប្រកួតទល់នឹងក្លឹប Fiorentina ហើយពេលនោះ គេមានអាយុ 15 ឆ្នាំ 8 ខែ និង 15 ថ្ងៃ។ កន្លងមក Camarda ធ្លាប់បានល្បីល្បាញខ្លាំងពេលដែលគាត់ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ប្រចាំព្រឹត្តិការណ៍ Euro 2024 (U-17)។
ប្រភព: Dailysports